ធនាគារ ប្រៃសណីយ៍កម្ពុជា ក.អ ជាធនាគារពាណិជ្ជដែលរីកចម្រើនលឿនបំផុតមួយនៅក្នុងប្រទេសកម្ពុជា បានបង្កើតឡើងក្នុងខែកញ្ញា ឆ្នាំ២០១៣ និងបានវិវឌ្ឍខ្លួនទៅជាធនាគារពាណិជ្ជដ៏ធំមួយសម្រាប់អតិថិជនទូទៅ ដោយបាននាំយកបទពិសោធន៍ល្អៗ និងបច្ចេកវិទ្យាថ្មីៗ នៅលើសាកលលោកមកអនុវត្ត។ ធនាគារ វាស់ស្ទង់ភាពជោគជ័យរបស់ខ្លួន មិនត្រឹមតែតាមរយៈចំនួនប្រាក់ចំណូលប៉ុណ្ណោះទេ ប៉ុន្តែធនាគារក៏មើលទៅលើសមិទ្ធផលសំខាន់ៗនានា ក្នុងការបំពេញតម្រូវការកើនឡើងរបស់អតិថិជន ដែលជួយឱ្យធនាគារ ក្លាយជាធនាគារដែលមានការប្រកួតប្រជែងធំបំផុតមួយ នៅក្នុងប្រទេសកម្ពុជា។
ក្នុងរយៈពេល១១ឆ្នាំនៃប្រតិបត្តិការ ធនាគារបានបោះជំហានយ៉ាងលឿនក្លាយជាធនាគារបែបឌីជីថលដែលអនុញ្ញាតឱ្យអតិថិជនអាចប្រើប្រាស់ និងគ្រប់គ្រងហិរញ្ញវត្ថុបានយ៉ាងងាយស្រួល និងមានសុវត្ថិភាពខ្ពស់បំផុតតាមរយៈទូរសព្ទដៃ។ បច្ចុប្បន្ន អតិថិជនអាចស្នើសុំឥណទាន និងស្នើសុំបើកគណនីតាមប្រព័ន្ធអនឡាញ ទូទាត់វិក្កយបត្រ និងធ្វើប្រតិបត្តិការនានា ដោយមិនចាំបាច់ធ្វើដំណើរមកកាន់សាខារបស់ធនាគារឡើយ។ ធនាគារ ក៏បានដាក់ឱ្យប្រើប្រាស់នូវមុខងារ QRស្កេន ទូទាត់វិក្កយបត្រ សេវាបង់ប្រាក់ពន្ធ-អាករ សេវាផ្ទេរ និងទទួលប្រាក់ឆ្លងប្រទេស សេវាផ្ទេរប្រាក់ឆ្លងធនាគារតាមរយៈប្រព័ន្ធបាគង ប្រព័ន្ធរីធែលផេ (Retail Pay) និងប្រព័ន្ធទូទាត់រហ័ស (FAST) បញ្ចូលទឹកប្រាក់ក្នុងទូរសព្ទ និងមុខងារជាច្រើនផ្សេងទៀត ដែលធ្វើឱ្យប្រតិបត្តិការហិរញ្ញវត្ថុមានភាពងាយស្រួល និងមានសុវត្ថិភាព។ ដើម្បីធានាបាននូវសុវត្ថិភាព និងទំនុកចិត្តកាន់តែខ្ពស់ពីអតិថិជនក្នុងការធ្វើប្រតិបត្តិការនានាតាមប្រព័ន្ធឌីជីថល ធនាគារមិនត្រឹមតែមានប្រព័ន្ធប្រតិបត្តិការធានាសុវត្ថិភាព ២៤/៧ ប៉ុណ្ណោះទេ ធនាគារថែមទាំងបានធ្វើបច្ចុប្បន្នភាព (អាប់គ្រេត) ប្រព័ន្ធធនាគារស្នូលផងដែរ។ មិនត្រឹមតែប៉ុណ្ណោះ ធនាគារក៏មានសេវាធនាគារ ៣៦៥ថ្ងៃ ដែលបម្រើសេវាធនាគារជូនអតិថិជនជារៀងរាល់ថ្ងៃ ទាំងថ្ងៃចុងសប្តាហ៍ និងថ្ងៃឈប់សម្រាកបុណ្យជាតិផងដែរ។
បច្ចុប្បន្ន ធនាគារសម្រេចបាននូវទ្រព្យសកម្មសរុបជាង ១,៧៤ពាន់លាន ដុល្លារអាមេរិក ជាមួយនឹងបណ្តាញប្រតិបត្តិការសាខាលាតសន្ធឹងពេញផ្ទៃប្រទេសចំនួន ៦៤សាខា ម៉ាស៊ីនអេធីអឹម និងម៉ាស៊ីនដាក់ប្រាក់ សរុបជាង ៣២៤ទីតាំង ចំនួនគណនីអតិថិជន សរុបជាង៤៤៧.០០០គណនី ចំនួនប័ណ្ណអេធីអឹម និងប័ណ្ណឥណពន្ធ សរុបជាង ១៤៨.០០០ប័ណ្ណ និងដៃគូអាជីវកម្ម សរុបជាង៩៥.០០០កន្លែងទូទាំងប្រទេស។ ធនាគារ ក៏បានសហការជាមួយគ្រឹះស្ថានហិរញ្ញវត្ថុនានា ដូចជា វីង និងទ្រូម៉ាន់នី ដែលធ្វើឱ្យអតិថិជនអាចទូទាត់សងប្រាក់កម្ចីវិញបានកាន់តែងាយស្រួល។ ធនាគារ បានសហការជាមួយគ្រឹះស្ថានហិរញ្ញវត្ថុផ្សេងទៀតមានដូចជា អេ អឹម ខេ និងអម្រឹត ដែលអនុញ្ញាតឱ្យអតិថិជននៃស្ថាប័ននេះ អាចដកប្រាក់ពីម៉ាស៊ីនអេធីអឹម ទៅវិញទៅមកដោយឥតគិតថ្លៃ ដោយប្រើប្រាស់ប្រព័ន្ធ CSS របស់ ធនាគារជាតិនៃកម្ពុជា។ ធនាគារចូលរួមក្នុងគំនិតផ្តួចផ្តើមផ្សេងៗរបស់រាជរដ្ឋាភិបាលក្នុងការកសាងសេដ្ឋកិច្ចឡើងវិញតាមរយៈ ធនាគារសហគ្រាសធុនតូច និងមធ្យមកម្ពុជា សាជីវកម្មធានាឥណទានកម្ពុជា និងធនាគារ អភិវឌ្ឍន៍ជនបទ និងកសិកម្ម។ ទាំងនេះ គឺជាការគាំទ្រគំនិតផ្តួចផ្តើមរបស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងការអភិវឌ្ឍន៍ និងពង្រឹងសហគ្រាសធុនតូច និងមធ្យម ដែលជាផ្នែកនៃយុទ្ធសាស្ត្រស្តារសេដ្ឋកិច្ច។
ធនាគារ ក៏សម្រេចបាននូវការប្រសិទ្ធនាម និងពានរង្វាន់ជាច្រើនពីស្ថាប័នជាតិ និងអន្តរជាតិផងដែរ។ នៅឆ្នាំ២០២៤ ធនាគារទទួលបាននូវពានរង្វាន់អន្តរជាតិចំនួន ០២ គឺពានរង្វាន់ «ធនាគារលក់រាយល្អបំផុតប្រចាំឆ្នាំ២០២៤ (Best Retail Bank 2024)» ពីស្ថាប័ន World Confederation of Business និងពានរង្វាន់ «អ្នកផ្តល់ហិរញ្ញប្បទានល្អបំផុតសម្រាប់សហគ្រិនស្ត្រីអាស៊ី (Best Financing Provider for Asian Women Entrepreneurs) នៅក្នុងកម្មវិធី Global SME Finance Forum Awards 2024។
ធនាគារប្តេជ្ញាក្នុងការកសាងគោលជំហរដ៏មុតមាំមួយប្រកបដោយក្រមសីលធម៌វិជ្ជាជីវៈ និងបទដ្ឋានត្រឹមត្រូវក្នុងការថែរក្សា និងលើកកម្ពស់ប្រសិទ្ធភាពការងារ ដើម្បីនាំយកផលិតផល និងសេវាកម្មល្អបំផុតជូនអតិថិជន នៅក្នុងប្រទេសកម្ពុជា។ ធនាគារកំពុងព្យាយាមសម្រេចឱ្យបាននូវ ចក្ខុវិស័យ “គ្រួសារមួយ គណនីមួយ”។ ចំពោះហ្វូណន មីក្រូហិរញ្ញវត្ថុ ភីអិលសុី ដែលជាក្រុមហ៊ុនបុត្រសម្ព័ន្ធរបស់ធនាគារ មានបណ្តាញប្រតិបត្តិការ ចំនួន ៥១សាខា គ្របដណ្តប់យ៉ាងទូលំទូលាយនៅទូទាំងប្រទេសផងដែរ។ ធនាគារនឹងផ្តល់ជូននូវផលិតផលជាច្រើនប្រភេទ ដើម្បីបំពេញតម្រូវការទីផ្សារដ៏ធំនៅកម្ពុជា។ ធនាគារប្តេជ្ញារចនា និងផ្តល់នូវផលិតផលប្រកបដោយភាពច្នៃប្រឌិតខ្ពស់ជូនអតិថិជន និងកំណត់ស្តង់ដារសេវាកម្មល្អបំផុតមួយនៅក្នុងប្រទេសកម្ពុជា។

